រឿង៖ សំឡេងក្មេងប្រុស
ក្នុងហេតុការណ៍បាក់រលំអគារនៅខេត្តកែប ជាសោកនាដកម្មដ៏គួរឲ្យសោកស្តាយ បានបន្សល់ឲ្យមានអ្នករងរបួស និងអ្នកបាត់បង់ជីវិតជាច្រើន។ ក្នុងនោះ មានគ្រួសារតូចមួយបានបាត់បង់ជីវិតទាំងអស់។
"ខ្ញុំអត់ដឹងអីទេ។ ម៉េចក៏យកខ្ញុំទៅដែរ? ខ្ញុំទើបចេញពីរៀន ម៉ាក់នាំខ្ញុំមកញ៉ាំបាយជុំគ្នាជាមួយប៉ានៅកន្លែងការដ្ឋានសំណង់ដែលគាត់ធ្វើការ។ ប៉ាម៉ាក់ប្រាប់ខ្ញុំថាឲ្យខំរៀនមានចំណេះដឹង បានធ្វើការងារស្រួល កុំឲ្យដូចគាត់ធ្វើជាកម្មករសំណង់ហត់នឿយណាស់។ ខ្ញុំឃើញប៉ាធ្វើការសំណង់ហត់ ខ្ញុំតែងប្រាថ្នាធ្វើជាវិស្វករ ជាអ្នកដឹកនាំគេ។ ខ្ញុំមិនទាន់បានតបស្នងសងគុណគាត់ផង ម៉េចក៏ឆក់យកជីវិតពួកយើងទៅ? ពេលខ្ញុំកំពុងរត់លេងនៅលើអគារ ខ្ញុំឮសំឡេងប្រោកប្រាក ហើយប្លង់សេក៏បាក់មកបន្តបន្ទាប់។ ប៉ាម៉ាក់ស្រែករកខ្ញុំ ហើយរត់មកពាំងជំនួសខ្ញុំ តែវាធ្ងន់ខ្លាំងពេករហូតសង្កត់ពួកយើងបែកក្បាលនិងថប់ខ្យល់រហូតផុតដង្ហើម។ វាកើតឡើងតែមួយពព្រិចភ្នែកសោះ ហើយគ្មាននរណាដឹងមុនឡើយ។ ជ្រុលជាយកខ្ញុំទៅហើយ ក៏ស្រួលដែរ ព្រោះខ្ញុំគ្មានទីពឹងឡើយក្រៅពីគាត់ទាំងពីរ។ ខ្ញុំមិនយល់ឡើយពីរឿងហេតុនេះថាម៉េចបានរឿងនេះអាចកើតឡើងទៅរួច។ តើអាចពន្យល់ខ្ញុំបានទេពីរឿងហេតុ? តែទោះបើពន្យល់ហើយ ក៏ពួកយើងទៅបាត់ហើយ។ ខ្ញុំមិនសុំរកយុត្តិធម៌អ្វីទេ សុំតែពួកយើងបានទៅកាន់កន្លែងស្ងប់សុខបានហើយ និងកុំបណ្តោយឲ្យរឿងនេះកើតឡើងលើកក្រោយៗទៀត៕"
៦ មករា ២០២០
បញ្ជាក់៖ សំណេរខាងលើកើតឡើងពីការស្រមើស្រមៃដោយផ្អែកលើលទ្ធផលនៃហេតុការណ៍នោះ។ ឥន្ទ សម៉ាណាក់
No comments