ឈប់ធ្វើខ្លួនជាកែវ សូមធ្វើខ្លួនជាបឹង
នាសម័យថ្ងៃមួយមានកូនសិស្សដែលក្រៀមក្រំម្នាក់បានទៅរកលោកគ្រូរបស់ខ្លួនដើម្បីរៀបរាប់ប្រាប់អំពីទុក្ខសោករបស់ខ្លួន និងសូមឱ្យជួយរកដំណោះស្រាយ។
លោកគ្រូបានណែនាំឱ្យកូនសិស្សនោះយកអំបិលមួយក្តាប់ទៅ ដាក់ក្នុងទឹកមួយកែវ រួចផឹកទឹកអំបិលនោះ។
បន្ទាប់ពីផឹករួច លោកគ្រូសួរថា «តើទឹកនោះមានរសជាតិ ដូចម្តេច?»
កូនសិស្សនោះបានឆ្លើយថា «ប្រៃណាស់ ពិបាកផឹកណាស់»
ឮដូច្នេះ លោកគ្រូសើចតិចៗ ហើយបានឱ្យកូនសិស្សនោះយកអំបិលមួយក្តាប់ដៃដដែលទៅដាក់ចូលក្នុងបឹងមួយ។ បុរសទាំងពីរនាក់បានដើរទៅកាន់ទន្លេយ៉ាងស្ងៀមស្ងាត់ ហើយបុរសនោះបាចអំបិលទៅក្នុងទន្លេ។
លោកគ្រូបានប្រាប់ថា«ឥឡូវ ផឹកទឹកបឹងនោះទៅ»
បន្ទាប់ពីកូនសិស្សនោះផឹកទឹកនោះរួច លោកគ្រូបានសួរកូនសិស្សនោះថា«តើទឹកនោះមានរសជាតិបែបណា?»
កូនសិស្សនោះបានឆ្លើយថា «រសជាតិឆ្ងាញ់»
លោកគ្រូបានសួរថែមទៀតថា «មានរសជាតិអំបិលទេ?»
កូនសិស្សនោះបានឆ្លើយថា «គ្មានរសជាតិអំបិលទេ»
លោកគ្រូបានអង្គុយក្បែរកូនសិស្សនោះ រួចចាប់ដៃកូនសិស្សនោះ ហើយនិយាយថា «ការឈឺចាប់នៅក្នុងជីវិតប្រៀបបីដូចជាអំបិលមួយក្តាប់ដៃយើងអញ្ចឹង មិនតិច ហើយក៏មិនច្រើនដែរ។ ទំហំនៃការឈឺចាប់ក្នុងជីវិតគឺមានទំហំដូចគ្នាបេះបិត។ ប៉ុន្តែ ទំហំនៃការឈឺចាប់ដែលយើងមានអារម្មណ៍នោះគឺអាស្រ័យទៅនឹងទំហំនៃចំណុះដែលយើងនឹងផ្ទុក។
ដូច្នេះ នៅពេលដែលអ្នកឈឺចាប់ អ្វីដែលអ្នកអាចធ្វើបានគឺពង្រីកទំហំហេតុផលនៃរឿងរ៉ាវដែលកើតមានឡើង។
ចូរអ្នកឈប់ធ្វើខ្លួនជាកែវដ៏តូចចង្អៀត ដោយផ្តោតតែទៅលើបញ្ហាដែលកើតមានឡើង
ប៉ុន្តែចូរព្យាយាមរកហេតុផល សម្លឹងមើលអ្វីៗឱ្យទូលំទូលាយ និងវែងឆ្ងាយ ប្រៀបបីដូចជាបឹងមួយដូច្នោះដែរ។
អត្ថបទដើម ៖ កំពីងដូង
No comments