Header Ads

បណ្ដាំធនជ័យ

បណ្ដាំបណ្ឌិតធនញ្ជ័យ៖ «បើសោយត្រីព្រួលកំចោលស្រកា .....»ជាសម្ដីចង់ឲ្យជាតិខ្លាំងនិង រឹងមាំ
................................................................................................................
ព្រេងនិទានខ្មែរបែបប្រវត្តិសាស្ត្រមួយ ដែលរហូតមកដល់ពេលនេះ នៅមិនទាន់ដឹងថា អ្នកណាជាអ្នកនិពន្ធ ប៉ុន្តែគឺជារឿងមួយដែលមានតម្លៃបំផុតសម្រាប់ប្រជាជនខ្មែរ ដែលបានបង្ហាញពីឥទ្ធិពលអ្នកប្រាជ្ញាបណ្ឌិតខ្មែរ ពីសម័យមុន។ ក្នុងនោះមានតួអង្គបណ្ឌិត ធនញ្ជ័យ បានបន្សល់ទុកបណ្ដាំមួយដល់ព្រះរាជាថា «បើសោយត្រីព្រួលកំចោលស្រកា សោយត្រីប្រាកំចោលស្រកី ស្លម្ជូរក្បាលត្រីកុំចោលម្ជូរសណ្ដាន»។ តើសម្ដីប៉ុន្មានឃ្លានេះមានអត្ថន័យបែបណា? តើអ្វីជាគោលបំណងពិតរបស់អ្នកនិពន្ធ? អ្វីជាអត្ថន័យខាងក្នុងនៃបណ្ដាំបែបសុភាសិតនេះ?
រឿង«ធនញ្ជ័យ» ថ្វីដ្បិតថា មិនស្គាល់ថា អ្នកណាជាអ្នកនិពន្ធ ប៉ុន្តែវានៅតែជារឿងមួយដែលបានបង្ហាញពីការដឹកនាំសង្គមខ្មែរមួយក្នុងសម័យនោះ។ ក្នុងនោះផងដែរ រឿងនោះក៏ជារឿងមួយដែលបង្ហាញពីភាពក្លាហាន របស់អ្នកប្រាជ្ញ បណ្ឌិត និងអ្នកចេះដឹងក្នុងបុព្វហេតុជាតិមាតុភូមិ។
បន្ថែមពីលើភាពអស្ចារ្យនៃរឿង តួអង្គបណ្ឌិតធនញ្ជ័យបានផ្ដល់ពាក្យបណ្ដាំថា «បើសោយត្រីព្រួលកុំចោលស្រកា សោយត្រីប្រាកុំចោលស្រកី ស្លម្ជូរក្បាលត្រីកុំចោលម្ជូរសណ្ដាន» ពាក្យទាំងនេះ មានអត្ថន័យដូចខាងក្រោម៖
ចំពោះឃ្លាថា «បើសោយត្រីព្រួលកុំចោលស្រកា សោយត្រីប្រាកុំចោលស្រកី» បើបកស្រាយតាមន័យចំ គឺចង់មានន័យថា ជាទូទៅត្រីប្រភេទណា ក៏មានកន្លែងឆ្ងាញ់។ ចំណែក ធម្មជាតិរបស់ត្រីព្រួលគឺឆ្ងាញ់នៅត្រង់ស្រការ រីឯត្រីប្រាឆ្ងាញ់ត្រង់ស្រកី។ ហេតុនេះ អ្នកហូបត្រីត្រូវដឹងពីលក្ខណៈពិសេសរបស់ត្រី ថាកន្លែងឆ្ងាញ់នៅកន្លែងណា។ កាលណាមិនស្គាល់កន្លែងឆ្ងាញ់ គេអាចនឹងបោះចោល ហើយទុកកន្លែងមិនឆ្ងាញ់បរិភោគទៅវិញ។
ប៉ុន្តែសម្រាប់អស្ថិរូបន័យវិញ បណ្ដាំធនញ្ជ័យនេះ ប្រហែលលោកចង់ប្រៀបធៀបកន្លែងឆ្ងាញ់របស់ត្រីទៅនឹងមនុស្សដែលមានឧត្ដមគតិ ស្នេហាជាតិ ពិតប្រាកដ។ ឃ្លានេះ ធនញ្ជ័យអាចចង់និយាយថា ដើម្បីឲ្យប្រទេសរីកចម្រើនជឿនលឿន អ្នកដឹកនាំត្រូវស្គាល់និងឲ្យតម្លៃលើជនដែលស្រឡាញ់ និងបម្រើជាតិពិតប្រាកដ ព្រោះអ្នកទាំងនោះទើបជាចំណុចពិសេសសម្រាប់ជាតិ។ ប៉ុន្តែអ្នកដឹកនាំ មិនត្រូវលើកតម្កើងតែពួកអែបអប ដែលបង្ករតែទុក្ខទោសឲ្យប្រទេសជាតិឡើយ។ ចំណែកក្នុងដំណើរឿងរបស់ធនញ្ជ័យ ការអនុវត្តរបស់ព្រះរាជា មិនខុសពីការបរិភោគត្រីមិនស្គាល់លក្ខណៈពិសេសរបស់ត្រីដូច្នោះដែរ។
ចំណែកពាក្យមួយឃ្លាទៀតថា «ស្លម្ជូរក្បាលត្រី កុំចោលម្ជូរសណ្ដាន» បើជាន័យចំ គឺជាទូទៅសម្លម្ជូរក្បាលត្រី នៅពេលដែលស្លជាមួយម្ជូរផ្សេងៗ មិនសូវជាមានរស់ជាតិគួរជាទីបរិភោគឡើយ ប៉ុន្តែបើស្លជាមួយម្ជូសណ្ដានគឺជួយឲ្យសម្លមានរស់ជាតិកាន់តែពិសេស។ ប៉ុន្តែសម្រាប់ទិសដៅ នៃគំនិតរបស់ធនញ្ជ័យវិញ ប្រហែលជាលោកចង់ធៀបថា ក្នុងនាមជាអ្នកដឹកនាំ អ្នកគ្រប់គ្រងសង្គមមួយបើខ្លួនគ្មានសមត្ថភាព ហើយដឹកនាំក្រុមមនុស្សគ្មានសមត្ថភាព នោះមិនអាចនាំឲ្យសង្គមមានភាពរីកចម្រើនបានឡើយ។ ហើយបើអ្នកដឹកនាំខ្លាំងប៉ុណ្ណាក៏ដោយ បើដឹកនាំប្រជាជនមិនមានសមត្ថភាព ក៏មិនអាចនាំឲ្យសង្គមមានការរីកចម្រើនដូចគ្នា។ ផ្ទុយទៅវិញ បើអ្នកដឹកនាំល្អ មានសមត្ថភាព ដឹកនាំអ្នកប្រាជ្ញា ប្រជាជនចេះដឹង នោះនឹងធ្វើឲ្យសង្គមមានការអភិវឌ្ឍជាក់ជាមិនខាន។ មូលហេតុដែលអាចនិយាយបែបនេះ ព្រោះដោយពាក្យថាក្បាលត្រី គឺប្រហែលជាធនញ្ជ័យ សំដៅដល់ក្បាល់ ម៉ាស៊ីនដឹកនាំសង្គម នោះគឺព្រះរាជា(សម័យនោះ)។
ការបកស្រាយខាងលើ គឺជាផ្នែកមួយនៃគំនិតរបស់ធនញ្ជ័យ ប៉ុន្តែបើគេពិចារណាបន្តិចទៀត គេនឹងឃើញច្រកផ្សេងទៀត នៃគំនិតរបស់ធនញ្ជ័យ។ តំណាក់កាលទីពីរនៃការបកស្រាយ គេត្រូវបែងចែកជាបីដំណាក់ ដើម្បីមើលឲ្យឃើញពីលក្ខណៈពិសេសនៃបណ្ដាំសុភាសិតមួយនេះ។
ឃ្លាទីមួយ «បើសោយត្រីព្រួលកំចោលស្រកា» ចំពោះឃ្លាមួយនេះ ជាគំនិតរបស់បណ្ឌិតធនញ្ជ័យ អាចនាំទៅរកការបកស្រាយពីយ៉ាងសំខាន់។ ន័យទីមួយ អាចថា បណ្ឌិតធនញ្ជ័យ ចង់ធៀបទៅនឹងស្ថានភាពព្រំដែននៃប្រទេស។ មានន័យថា ក្នុងនាមជាអ្នកដឹកនាំប្រទេស ការឈ្វេងយល់ពីខ្សែសីម៉ាប្រទេសគឺជាកិច្ចការដែលមិនអាចមើលរំលងបាន។ ព្រោះថា បើដឹកនាំតែតួរប្រទេស តែមិនគិតគូររៀបចំព្រំសីម៉ា កំណត់ដែននគរ របស់ខ្លួនទេនោះ ប្រៀបបានទៅនឹងត្រីស្រការមួយប្រភេទ ដែលកាលណាគ្មានស្រការ គឺងាយនិងមានដំបៅ ប្រឈមការស្លាប់គ្រប់ពេលវេលា។ ហេតុនេះស្រការត្រី គឺជារនាំងការពាររាងកាយត្រីដែលមានស្រការឲ្យគេចផុតពីបញ្ហាគ្រប់បែបយ៉ាងប្រៀបបាន និងប្រទេសមួយមានខ្សែបន្ទាត់ព្រំដែនច្បាស់លាស់ ដែលកំណត់ទីតាំងស្លាប់រស់របស់ខ្លួនបានដូចគ្នា។
ចំណែកន័យទីពីរ ឃ្លានេះប្រហែលជា បណ្ឌិតធនញ្ជ័យ ចង់ធៀបស្រការត្រីទៅនឹងប្រជានុរាស្ត្រនៅក្នុងនគរទាំងមូល។ មូលហេតុដែលអាចអះអាងបែបនេះ ព្រោះដោយសារនគរមួយ ស្ថាប័នដឹកនាំរដ្ឋមួយ វាគ្រាន់តែជាតួខ្លួនតែប៉ុណ្ណោះ វាប្រៀបបានទៅនឹងខ្លួនត្រីទាំងមូល។ ប៉ុន្តែ ស្រការប្រៀបបាននឹងពលរដ្ឋគ្រប់រូប បើអ្នកដឹកនាំ ឬព្រះរាជា(សម័យនោះ) ដឹកនាំតែនគរ តែមិនគិតពីប្រជាជន ដែលជាខែលការពារសង្គមដ៏សំខាន់ តើឲ្យជាតិរឹងមាំបានដោយរបៀបណា? ដោយហេតុថា ពេលសង្គមមានបញ្ហា កម្លាំងនៃប្រជារាស្ត្រនៃសង្គមនោះក្រោកឈរការពារ ទើបអាចជៀសផុតពីគ្រោះមហន្តរាយ។ វាដូចជាស្រការត្រីដែលជាខែលការពារខ្លួនត្រីទាំងមូលដែរ។
រីឯឃ្លាថា «សោយត្រីប្រា កុំចោលស្រកី» នេះជាឃ្លាមួយដែលមានន័យឆ្ពោះទៅរកដង្ហើមជាតិ ជីវិតជាតិមួយទាំងមូល។ ហេតុផលគឺនៅត្រង់ថា គ្រប់ត្រីទាំងអស់ ប្រភពផ្ដល់ដង្ហើមគឺនៅត្រង់ស្រកី ហេតុនេះការស្លាប់រស់របស់ត្រី គឺអាស្រ័យទៅលើដំណើរការរបស់ស្រកី បើស្រកីមិនដំណើការ ត្រីនោះនឹងស្លាប់។ កត្តាមួយនេះ ប្រហែលជាបណ្ឌិតធនញ្ជ័យ ដឹងយ៉ាងច្បាស់ថា ដង្ហើមជាតិ សរសៃឈាមរបស់ជាតិ គឺពឹងអាស្រ័យលើសេដ្ឋកិច្ច។ បើជាតិមួយសេដ្ឋកិច្ចមិនដើរ សេដ្ឋកិច្ចធ្លាក់ចុះ សេដ្ឋកិច្ចប្រឈមហានិភ័យ ចង់មិនចង់ជាតិនឹងត្រូវស្លាប់ទាំងឈរ។ ហេតុនេះ ក្នុងនាមជាអ្នកគ្រប់គ្រងដឹកនាំសង្គមចាំបាច់ណាស់ ត្រូវពិចារណា ពីប្រភពចំណូលរបស់ជាតិ លុបបំបាត់អំពើពុរលួយ។ ជាក់ស្ដែងណាស់ក្នុងរឿងធនញ្ជ័យ មានវគ្គមួយដែលធនញ្ជ័យ បានបាចអង្កាម នៅក្នុងទន្លេ ហើយកំណត់ថា បើអ្នកណាធ្វើដំណើរឆ្លងកាត់ ឬឈ្មួយឆ្លងកាត់ត្រូវបង់ពន្ធ។ ពន្ធទាំងនោះធនញ្ជ័យបានយកទៅដាក់ក្នុងឃ្លាំងនគរ ដោយអះអាងថា លោកធ្វើបែបនេះ គឺចង់ឲ្យក្រុមឈ្មួយធំៗ ចេះគោរពច្បាប់ និងបង់ពន្ធជូនរដ្ឋ ដើម្បីជាផ្នែកមួយចូលរួមកសាងសេដ្ឋកិច្ចជាតិ។
រីឯឃ្លាទីបី «ស្លម្ជូរក្បាលត្រី កុំចោលម្ជូរសណ្ដាន់» មួយឃ្លានេះ បណ្ឌិតធនញ្ជ័យ ចង់មានន័យថា បើក្លាយជាអ្នកនាំ ជាក្បាលម៉ាស៊ីនដឹកនាំរដ្ឋ កុំមានភាពក្រអើតក្រទម ព្រោះតែសេចក្ដីសុខ ស្រណុកស្រួល ព្រោះតែអំណាច ហើយភ្លេចអ្នកតូចតាច មនុស្សក្រោមបង្គាប់ ដែលជាធាតុផ្សំនាំឲ្យខ្លួនរឹងមាំ ជាគ្រឹះធ្វើឲ្យជាតិរឹងមាំ និងជាផ្នែកដ៏សំខាន់ក្នុងការ ការពារប្រទេសជាតិឡើយ។
ជារួមមកបណ្ដាំបណ្ឌិតធនញ្ជ័យ ឬអាចនិយាយបានជាសុភាសិតនេះ «បើសោយត្រីព្រួលកុំចោលស្រកា សោយត្រីប្រាកុំចោលស្រកី ស្លម្ជូរក្បាលត្រីកុំចោលម្ជូរសណ្ដាន» មានទិសដៅយ៉ាងសំខាន់ ក្នុងការបើកផ្លូវខួរក្បាលអ្នកដឹកនាំទាំងអស់ ឲ្យស្គាល់ពីតម្លៃរបស់ មនុស្ស ធាតុនៃសង្គម ដង្ហើមជាតិ កម្លាំងជាតិ និងមួយទៀតដែលសំខាន់គឺចេះប្រើមនុស្ស៕

No comments

https://ruralmonks.blogspot.com. Powered by Blogger.