បុណ្យវិសាខបូជា
វិសាខបូជា គឺជាបុណ្យដ៏ធំមួយ ក្នុងព្រះពុទ្ធសាសនា ដែលប្រទេសកម្ពុជា បានចាត់ទុកជាបុណ្យជាតិ។ ជាងនេះទៀត ប្រទេសជិត២០០ ដែលជាសមាជិកនៃអង្គការសហប្រជាជាតិ បានអនុម័តនិងទទួលស្គាល់ វិសាខបូជា ជាបុណ្យអន្តរជាតិ កាលពីឆ្នាំ១៩៩៩ ។
ការប្រារព្ធពិធីបុណ្យវិសាខបូជា គឺដើម្បីរម្លឹកដល់ព្រឹត្តិការណ៍ដ៏ពិសេសចំនួន៣ ដែលទាក់ទងនឹងព្រះសមា្មសម្ពុទ្ធ។
ព្រឹត្តិការណ៍ទាំងនោះ គឺ
ការប្រសូត
ការត្រាស់ដឹង
ការចូលនិព្វាន។
ព្រះពុទ្ធ មានព្រះនាមដើមថា សិទ្ធត្ថ (អានថា សិត-ធ័ត) ដែលជាព្រះរាជបុត្រារបស់ព្រះនាង សិរិមហាមាយា និងព្រះបាទ សុទ្ធោទនៈ។ ព្រះអង្គ ត្រូវបានគេហៅព្រះនាមជាច្រើនទៀត ដូចជា ព្រះសម្មាសម្ពុទ្ធ, ព្រះសមណគោតម, ព្រះជិនស្រី, ព្រះសក្យមុនី, ព្រះបរមគ្រូ, ព្រះសាស្តា ជាដើម។
ព្រះអង្គ ទ្រង់ប្រសូត នៅថ្ងៃសុក្រ ពេញបូណ៌មី ខែវិសាខ ឆ្នាំច មុនគ្រិស្តសករាជចំនួន ៦២៣ ឆ្នាំ។ នៅពេលមានព្រះជន្ម ២៩ព្រះវស្សា ព្រះសិទ្ធត្ថ បានយាងទៅសាងផ្នួស។
ព្រះអង្គទ្រង់ត្រាស់ដឹង ក្រោយពីក្លាយខ្លួនជាអ្នកបួសអស់រយៈពេល ៦ឆ្នាំ ព្រះអង្គក៏បានត្រាស់ដឹង កា្លយជាព្រះពុទ្ធ នៅថ្ងៃពុធ ពេញបូណ៌មី ខែវិសាខ ឆ្នាំរកា នាវេលាទៀបភ្លឺ។
ព្រះបរមគ្រូនៃយើង ទ្រង់ចូលបរិនិព្វាន នៅថ្ងៃអង្គារ ពេញបូណ៌មី ខែវិសាខ ឆ្នាំម្សាញ់ នៅពេលដែលព្រះអង្គមានព្រះជន្ម ៨០ ព្រះវស្សា។ រហូតមកដល់ពេលនេះ ព្រះសក្យមុនី បានរលត់សង្ខារអស់រយៈពេល ២៥៦៥ឆ្នាំហើយ។
ការដែលប្រារព្ធពិធីបូជានាថ្ងៃ ១៥ កើតខែវិសាខនេះ អាស្រ័យដោយលោកអ្នកប្រាជ្ញខាង ព្រះពុទ្ធសាសនា បានកំណត់ ទុកក្នុងគម្ពីរបឋមសម្ពោធិថា ជាមហាមង្គលអភិលក្ខិតកាល គឺជាថ្ងៃ មហាមង្គល ត្រូវនឹងថ្ងៃដែលព្រះសម្ពុទ្ធបរមគ្រូ៖
ទ្រង់ប្រសូតចាកឧទរមាតា
ទ្រង់ត្រាស់ដឹងអនុត្តរសម្មាសម្ពោធិញ្ញាណ
ទ្រង់រំលត់ខន្ធចូលកាន់ព្រះនិព្វាន
សម្តេចព្រះបរមសាស្រ្តាចារ្យរបស់យើងទ្រង់ប្រសូត ត្រាស់ដឹង និងទ្រង់បរិនិព្វានសុទ្ធតែក្នុង ថ្ងៃពេញបូណ៌មីខែវិសាខទាំងអស់ប្លែកគ្នាតែឆ្នាំប៉ុណ្ណោះ។ ព្រោះហេតុនោះហើយបានជាអ្នកប្រាជ្ញ ចងក្រងជា គាថាទុកដូច្នេះថា អាសាឡ្ហបុណ្ណមោក្កន្តោ វិសាខេ យេវ និក្ខមិ វិសាខបុណ្ណមី សម្ពុទ្ធោ វិសាខេ បរិនិព្វុតោ។
សេចក្តីថា ព្រះពុទ្ធទ្រង់យាងចុះកាន់គភ៌នៃព្រះវរមាតា ក្នុងថ្ងៃពេញបូណ៌មី ខែអាសាធ ទ្រង់ប្រសូតិក្នុងថ្ងៃពេញបូណ៌មី ខែវិសាខ បានត្រាស់ជាព្រះពុទ្ធ ក្នុងថ្ងៃពេញបូណ៌មី ខែវិសាខ និង ទ្រង់ចូលបរិនិព្វានក៏ ក្នុងថ្ងៃពេញបូណ៌មី ខែវិសាខ (ផ្សេងតែឆ្នាំ)។
ព្រះអង្គទ្រង់ប្រសូតិនៅ ថ្ងៃសុក្រ ពេញបូណ៌មី ខែវិសាខ ឆ្នាំច វេលាជិតថ្ងៃត្រង មុនពុទ្ធសករាជ ៨០ឆ្នាំ។ នៅ ឧទ្យានលុម្ពិនី ព្រៃសាលព្រឹក្ស ចន្លោះនគរទាំងពីរ គឺ កបិលពស្តុ និង ទេវទហៈ។
ឧទ្យានលុម្ពិនី សព្វថ្ងៃនេះស្ថិតនៅក្នុងប្រទេសនេប៉ាល់ មានចម្ងាយ២៧គ.ម. ពីព្រំដែន នៃប្រទេសឥណ្ឌា។
ទេវទហៈ
ព្រះអង្គទ្រង់ត្រាស់ដឹង នៅ ថ្ងៃពុធ ពេញបូណ៌មី ខែវិសាខ ឆ្នាំរកា វេលា ជិតភ្លឺ មុនពុទ្ធសករាជ៤៥ឆ្នាំ ក្នុងព្រះជន្ម៣៥ឆ្នាំ។ ទីស្ថានដែលព្រះអង្គបាន ត្រាស់ដឹងជាសព្វញ្ញូពុទ្ធ ហៅថាពុទ្ធគយាស្ថិតនៅក្នុង រដ្ឋពីហា ( Bihar ) ប្រទេសឥណ្ឌា។
ព្រះអង្គទ្រង់បរិនិព្វាន ក្នុង ថ្ងៃអង្គារ ពេញបូណ៌មី ខែវិសាខ ឆ្នាំម្សាញ់ វេលាជិតបែកបច្ចូសម័យ មុនពុទ្ធសករាជ ១ថ្ងៃក្នុង ព្រះជន្ម ៨០ឆ្នាំ គត់ ចន្លោះដើម សាលព្រឹក្សទាំងគូ ក្នុង ក្រុងកុសិនារា ។ សព្វថ្ងៃនេះ ទីក្រុងកុសិនារា ត្រូវបានគេហៅថា ក្រុងកុសិនាហ្គារ៍ (កុសិនគរ) ឬហៅថាក្រុងកាស្យា ស្ថិតនៅក្នុងរដ្ឋឧត្តរប្រទេស របស់ឥណ្ឌា ។ Wikipedia
No comments