Header Ads

រឿង ព្រះបាទវិឌូឌភៈ

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវព្រះបាទវិឌូឌភៈ ដែលត្រូវទឹកជំនន់ជន់លិច ទ្រង់ទិវង្គត ព្រមទាំងពួកបរិវារទាំងឣស់គ្នា ។ ព្រះបាទ វិឌូឌភៈ ជាព្រះរាជឱរសរបស់ព្រះបាទបសេនទិកោសល, ព្រះមាតាទ្រង់ព្រះនាម វាសភខត្តិយា ជាធីតារបស់មហានាមសក្យរាជ កើតពីនាងទាសី ។ នៅពេលដែលព្រះបាទវិឌឌូភៈ មានវ័យជាកុមារនោះ ទ្រង់បានយាងទៅសួរសុខទុក្ខ របស់ព្រះញាតិវង្សានុវង្ស ខាងព្រះមាតា នៅក្រុងកបិលភស្តុ ។

ក្រោយពេលដែលព្រះវិឌូឌភរាជកុមារ យាងត្រឡប់មកវិញហើយនោះ ពួកសាក្យរាជទាំងឡាយ ទ្រង់ត្រាស់បញ្ជាប្រើឲ្យមនុស្សលាងនូវទីឣាសនៈ ដែលវិឌូឌភរាជកុមារប្រថាប់ឲ្យស្អាត ។ មនុស្សដែលមកលាងទីឣាសនៈនោះ បានជេរប្រទេចនូវព្រះវិឌូឌភកុមារ ថា “ព្រោះតែកូននាងទាសី វាមកឣង្គុយនៅ ត្រង់ទីនេះហើយ បានជា ឣញត្រូវពិបាក មកដុសលាងសម្អាតឣាសនៈនេះ” ។

ព្រះបាទវិឌូឌភៈ ទ្រង់ព្រះពិរោធ យ៉ាងខ្លាំង បានចងគំនុំគុំកួននឹងពួកសាក្យរាជ តាំងតែពីពេលនោះតរៀងមក ។ លុះព្រះឣង្គបានឡើងគ្រងរាជ្យហើយ ទ្រង់បានលើកកងទ័ពជាច្រើន ដើម្បីទៅសងសឹក យកឈាមរបស់ពួកសាក្យរាជ មកលាងទីឣាសនៈនោះវិញ ។ ពេលដែលព្រះឣង្គលើកកងទ័ព មកដល់ពាក់កណ្តាលផ្លូវ ទ្រង់បានចួបនឹងព្រះបរមសាស្តា ទ្រង់ជ្រាបថា “ព្រះពុទ្ធជាម្ចាស់ ច្បាស់ជា ស្តេចយាងមក ក្នុងទីនេះ ដើម្បីទ្រង់ហាមឃាត់ព្រះឣង្គ កុំឲ្យលើក កងទ័ព ទៅសម្លាប់ពួកសាក្យរាជពុំខាន” ហើយទ្រង់បានលើកកងទ័ព វិលត្រឡប់ទៅព្រះនគរវិញ ។

ក្រោយមក ព្រះបាទវិឌូឌភៈ ក៏បានលើកកងទ័ពទៅជាថ្មីម្តងទៀត ហើយបានចួបនឹងព្រះសាស្តា ដូចលើកមុនទៀត ទើបទ្រង់បានលើកកងទ័ព វិលត្រឡប់មក កាន់ព្រះបរមរាជវាំងវិញ យ៉ាងនេះឣស់រយៈពេល ៣ ដង ។

នៅលើកទី ៤ ព្រះសាស្តា ទ្រង់ជ្រាបបុព្វកម្ម របស់ពួកសាក្យរាជទាំងនោះ ដែលបានយកថ្នាំពិសទៅដាក់បំពុលត្រី កាលពីឣតីតជាតិ ទើបទ្រង់បណ្តោយទៅតាមយថាកម្ម ទ្រង់ពុំបានហាមឃាត់ ដូចលើកមុនៗ ។

គ្រានោះឯង ព្រះបាទវិឌឌូភកុមារ ទ្រង់បានលើកកងទ័ព ទៅសម្លាប់ពួកសក្យរាជទាំងនោះហើយ យកឈាមមកលាងទីឣាសនៈនោះ ដូចសេចក្តីគុំកួនរបស់ព្រះឣង្គ ដែលបានចងទុកមកពីកាលមុន ស្រេចហើយ ទ្រង់លើកកងទ័ពត្រឡប់មកព្រះបរមរាជវាំងវិញ ដល់ពាក់កណ្តលផ្លូវ ទ្រង់ឈប់សម្រាកព្រះកាយ លើវាលខ្សាច់ ក្បែរមាត់ស្ទឹងឣចេរវតី ។

ពេលជាមួយគ្នានោះ ស្រាប់តែមានភ្លៀងយ៉ាងធំ បង្អុរធ្លាក់ចុះមក លិចកួចយកព្រះបាទវិឌូឌភកុមារលង់ទិវង្គត ព្រមទាំងពួកបរិវារទាំងឣស់គ្នា គ្មានសេសសល់ឡើយ ។

ពួកភិក្ខុទាំងឡាយ បានប្រជុំសន្ទនាគ្នាពីរឿងព្រះបាទវិឌូឌភកុមារ ព្រមទាំងពួកបរិវារ ដោយប្រការផ្សេងៗ ។ ព្រះសាស្តា ទ្រង់ស្តេចយាងមក ក្នុងទីប្រជុំនោះហើយ ទ្រង់ត្រាស់ថា “ម្នាលភិក្ខុទាំងឡាយ កាលបើមនោរថ របស់ពួកសត្វទាំងឣស់នោះ មិនទាន់បានដល់ទីបំផុតនោះទេ, មច្ចុរាជ បានកាត់ផ្តាច់នូវជីវិតិន្ទ្រីយ៍ ឲ្យធ្លាក់ចុះទៅ ក្នុងសមុទ្រ គឺឣបាយទាំង ៤ ដូចជាមហាសាគរ ជន់លិច កួចយកឣ្នកស្រុកដែលកំពុងដេកលក់ទៅ យ៉ាងនោះឯង” ដូច្នេះហើយ ទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖

បុប្ផានិ ហេវ បចិនន្តំ ព្យាសត្តមនសំ នរំ
សុត្តំ គាមំ មហោឃោវ មច្ចុ ឣាទាយ គច្ឆតិ ។

មច្ចុ គឺសេចក្តីស្លាប់ តែងកៀរយកទៅនូវនរជន ឣ្នកមានចិត្តជាប់ជំពាក់ ក្នុងឣារម្មណ៍ផ្សេងៗ កំពុងជ្រើសរើសនូវផ្កា គឺកាមគុណ ៥ នុ៎ះឯង ដូចទឹកជំនន់ធំ ដែលកួចយកឣ្នកស្រុកកំពុងដេកលក់ ទៅដូច្នោះឯង  ។



No comments

https://ruralmonks.blogspot.com. Powered by Blogger.