ម៉ែ...!
ម៉ែ ! គឺជាពាក្យដែលកូនគ្រប់រូបចេះហៅមុនគេបង្អស់ ហើយក៏ជាពាក្យដែលពីរោះរណ្តំ ក្នុងចិត្តកូនជានិច្ចផងដែរ ។ គ្រប់ពេលដែលកូនមានទុក្ខលំបាកតោកយ៉ាក យ៉ាងណាមួយនោះ កូនប្រុសស្រីគ្រប់រូបតែងតែនឹករឭកដល់ពាក្យម៉ែជាមុនដំបូង គឺស្រែករកម៉ែ ទោះម៉ែមិនបាននៅជិតជាមួយកូនក៏ដោយ ប៉ុន្តែអារម្មណ៍ដិតដាម ដែលធ្លាប់សើចលេងសប្បាយជាមួយកូនពីដើមនោះ ធ្វើឲ្យកូននឹកដល់ពាក្យម៉ែ មុនការនឹកអ្វីទាំងអស់ ។
ដូច្នេះហើយបានជាជីវិតរបស់ម៉ែ មានតម្លៃណាស់សម្រាប់កូនគ្រប់រូប ទោះបីជាកូនកើតមកចំលើម៉ែក្រលំបាកតោកយ៉ាក ឬមួយម៉ែពិការដៃជើង យ៉ាងណាក៏ដោយ ក៏ជីវិតម៉ែមានតម្លៃបំផុតសម្រាប់កូន ព្រោះម៉ែបានបង្កើតកូនមកដោយមេត្តា ករុណា មុទិតា និងឧបេក្ខា អាណិតស្រលាញ់កូនស្មើៗគ្នាទាំងអស់ មិនរើសអើងកូនឡើយ ទោះបីកូនកើតមកវិកលចរិកមិនគ្រប់ទឹក ឬមួយរូបរាងកាយមិនគ្រប់ជាលក្ខណៈមនុស្សក៏ដោយ ក៏ម៉ែមិនបោះបង់កូនចោល ឬមិនរាប់ថាជាកូនរបស់ម៉ែឡើយ ។
ក្នុងមួយជីវិតរបស់ម៉ែមានភាពខុសគ្នាស្រឡះ រវាងជីវិតមិនទាន់មានកូន និងជីវិតដែលមានកូនហើយ ។ ពេលម៉ែនៅពីក្រមុំនៅ ឡើយ ម៉ែមានសេរីភាពក្នុងការដើរហើរ សើចលេងសប្បាយ ទៅណាមកណាចង់សម្រាក ២-៣ យប់ក៏បាន ក៏ម៉ែមិនដែលខ្វល់ឡើយ គឺមានសេរីភាពជានិច្ច ។ ប៉ុន្តែក្រោយពីម៉ែមានគូស្រករហើយ រហូតដល់ម៉ែដឹងថាកូនមកចាប់បដិសន្ធិពេលណា ជីវិតរបស់ម៉ែនេះប្រៀបដូចជាមានអំរែកអ៊ីចឹងឯង ពេលទៅណាមកណាធ្ងន់ជានិច្ច ត្រង់ដែលថាម៉ែគិតពីកូនគ្រប់ពេលវេលានោះអី ខ្លាចក្រែងកូនក្នុងផ្ទៃរបស់ម៉ែឈឺលំបាកវេទនា ព្រោះតែម៉ែទទួលទានរបស់ហឹរ ជូរ ជាដើម ឬក៏ដើរហើរខ្វះការប្រុងប្រយ័ត្ន ។
ពេលដែលម៉ែថ្នាក់ថ្នមកូនតាំងពីចាប់បដិសន្ធិ មកទល់គ្នានឹងថ្ងៃកូនកើត ក៏ជីវិតរបស់ម៉ែមិនទាន់ផុតពីអំរែកឡើយ ម៉ែនៅតែតាមថែរក្សាកូនគ្រប់ពេលវេលា តាំងពីកូនឃើញពន្លឺថ្ងៃពេលណា ជីវិតរបស់ម៉ែប្រុងប្រយ័ត្នជានិច្ចជាមួយនឹងកូន ខ្លាចក្រែងកូនមានគ្រោះថ្នាក់ដោយយថាហេតុណាមួយ ។ ពេលដែលកូនចេះដើរតេសតាសហើយម៉ែរឹងរឹតតែខ្លាចទៅទៀត ព្រោះកាលណាបើម៉ែភ្លេចភ្នែកត្រចៀកទៅ ក្រែងកូនចូលអណ្តូង ស្រះទឹក ឬទៅលេងនេះលេងនោះដែលជារបស់មានគ្រោះថ្នាក់ បែកមុខមាត់ជាដើម ។
កូនធំដឹងក្តីពេលណា អាចហៅយាយតាពុកម៉ែបាន ឬទទួល ទានអាហារដោយខ្លួនឯងបាន ម៉ែតែងតែនៅដិតជាប់ជាមួយកូនជានិច្ច គឺម៉ែបង្ហាត់បង្រៀនកូនគ្រប់សព្វ ទាំងពាក្យសម្តីនិយាយ ហូបចុក ស្លៀកពាក់ ជុះនោមជាដើម ។ គ្រូដែលបង្រៀនគ្មានប្រាក់ខែនោះគឺជារូបម៉ែហ្នឹងហើយ គ្មាននរណាក្រៅពីទេវតានោះឡើយ ទេវតានៅក្នុងស្ថានសួគ៌មិនបានមើលថែកូន ឲ្យដិតដល់ដូចរូបម៉ែទេ ម៉ែសុខចិត្តទ្រាំទោះបីយប់ព្រលប់ជ្រៅ ងងុយងោកងក់ អស់កម្លាំង មូសខាំ យ៉ាងណាក៏ដោយ ម៉ែមិនដែលត្អូញថាលំបាកទេ គឺម៉ែទ្រាំសើចទាំងទឹកភ្នែក ។ អាកប្បកិរិយាខាងក្រៅរបស់ម៉ែមើលទៅដូចជាសប្បាយ តែធាតុពិតទឹកចិត្តរបស់ម៉ែមិនសប្បាយ ដូចអាកប្ប-កិរិយាខាងក្រៅនោះទេ ទោះម៉ែឈឺផ្សាដល់ថ្នាក់ណាក៏ដោយ ក៏ម៉ែមិនពោលប្រាប់កូនឡើយ ព្រោះខ្លាចកូនខូចចិត្តដោយប្រការណាមួយ។
កូនចូលដល់អាយុ ៦-៧ ឆ្នាំ អាចចូលសាលាបានហើយ ម៉ែក៏ត្រៀមគ្រប់សព្វ ទាំងសម្លៀកបំពាក់ កាតាប សៀវភៅ ប៊ិច ដីខ្មៅ បន្ទាត់ជាដើម ។ ម៉ែកើតមកក្រសម្បត្តិក៏ពិតមែនហើយ តែម៉ែមិនរួញរាទេ ទោះបីក្រោមកម្តៅថ្ងៃព្យុះភ្លៀងបោកបក់រសាត់ យ៉ាងណា ក៏ម៉ែមានតែពាក្យថាប្រឹងជានិច្ចមិនបោះបង់ឡើយ ព្រោះដើម្បីឲ្យកូនបានសិក្សារៀនសូត្រយកចំណេះដឹង នឹងជីវិតតទៅមុខទៀត ។
ពេលដែលកូនចេញទៅសាលា ម៉ែខំប្រឹងផ្តាច់ពីមាត់ពង្រាត់ពី.ក នូវប្រាក់មួយរយរៀល ប្រាំរយរៀល តាមលទ្ធភាពដែលម៉ែមាន ពេលខ្លះម៉ែអត់ក៏ម៉ែឆ្លៀតទៅខ្ចីគេឯង ដើម្បីទុកបម្រុងឲ្យកូន ព្រោះកាលណាកូនទៅសាលាអត់លុយ បើឃើញក្មេងដទៃគេមាន គេទិញនេះទិញនោះបរិភោគ ម៉ែគិតថាប្រាកដជាកូនមើលមាត់គេ ហើយឃ្លានមិនខាន ។ នេះហើយជាទឹកចិត្តម៉ែដែលលាយឡំទៅដោយទឹកភ្នែក និងភាពកើតទុក្ខសប្បាយរីករាយផងដែរ ។
ម៉ែបង្កើតកូនមកមិនប្រាកដថា កូនដែលកើតមកនោះល្អទាំងអស់នោះទេ កូនខ្លះល្អប្រព្រឹត្តតាមគន្លងធម៌ ស្តាប់ដំបូន្មានឪពុកម្តាយ ចេះគោរពចាស់ទុំព្រឹទ្ធាចារ្យ ចេះថ្វាយបង្គំព្រះសង្ឃធ្វើបុណ្យធ្វើទាន ។ ហើយក៏មានកូនខ្លះមួយចំនួនតូចដែលប្រព្រឹត្តមិនល្អ ផ្ទុយអំពីកូនខាងលើ កូនរបៀបនេះកើតមកធ្វើឲ្យម៉ែលំបាកវេទនាទៅវិញទេ មិនជួយជ្រោមជ្រែងជីវភាពក្នុងគ្រួសារហើយ ថែមទាំងដើរបង្កជម្លោះ តើលោកឪពុកអ្នកម្តាយណាទៅដែលមិនឈឺចាប់ ហើយមិនទឹកភ្នែកនោះ? ពេលដែលម៉ែស្តីប្រដៅលែងបានហើយ ម៉ែក៏បណ្តោយតាមកូនទៅចុះ ប៉ុន្តែក្នុងចិត្តម៉ែគឺសែនឈឺចាប់បំផុតរកថ្លែងមិនរួចឡើយ ៕
១- ពាក្យម៉ែមួយម៉ាត់ជាពាក្យរណ្តំ
កូនហៅចំៗឥតលុះថ្ងៃឡើយ
ជាពាក្យដំបូងដែលកូនត្រាណត្រើយ
រលត់ទុក្ខស្បើយព្រោះតែពាក្យម៉ែ។
២- កូនជួបឧបសគ្គគ្រោះថ្នាក់យ៉ាងណា
កូនតែងវាចាមិនដែលភ្លេចទេ
នឹកឃើញពាក្យម៉ែមុនពេលនឹកគេ
ក្នុងចិត្តរឹតទ្វេនឹករៀងរាល់ថ្ងៃ។
៣- នឹកម៉ែធ្លាប់បីប្រណីកូនស្ងួន
ពាក្យពេចន៍ម៉ែជួនបំពេចរណៃ
ម៉ែស៊ូនឿយហត់ឲ្យតែថ្លើមថ្លៃ
កូនបានសុខក្រៃម៉ែត្រេកអរណាស់។
៤- ព្យុះភ្លៀងបោកបក់ដង្ហក់រូបកាយ
ម៉ែប្រឹងឥតណាយទាំងខ្លួនម៉ែចាស់
ខំប្រឹងរកស៊ីដោយឥតមានខ្វះ
ព្យាយាមខ្លាំងណាស់ដើម្បីជីវិត។
៥- កូនបានសុខាថ្លៃថ្លាគាប់ល្អ
ព្រោះចិត្តស្មោះសរបវរពេកពិត
កូនរៀនចេះដឹងខំប្រឹងដេកគិត
មិនធ្លោយគំនិតប្រឹតប្រៀនសិក្សា។
៦- ទោះក្រលំបាកតោកយ៉ាកទ្រព្យា
រស់រងរងាវេទនាខ្លោចផ្សា
ម៉ែឥតមាត់កព្រោះតែជីវ៉ា
ខ្លាចកនិដ្ឋាកូនគិតវែងឆ្ងាយ។
៧- បានមួយមិនស្កប់បានដប់មិនស្កល់
ម៉ែសែនអំពល់ព្រោះកូនទាំងឡាយ
ខ្លាចក្រែងកូនម៉ែដើរលេងសប្បាយ
ភ្លេចគិតពីកាយឲ្យម្តាយទឹកភ្នែក។
៨- នៅទីបំផុតរលត់អស់ហើយ
ឱ ! មាសកូនអើយម្តេចឡើយអល់អែក
ធ្វើទុក្ខម្តាយឯងឲ្យរងអំរែក
ឈឺផ្សាអនេកព្រោះតែរូបកូន។
៩- ម្តាយសប្បាយចិត្តព្រោះប្រព្រឹត្តល្អ
តែម្តាយវឹកវរក៏ព្រោះមាសស្ងួន
ម្តាយស្រក់ទឹកភ្នែកជោកភក្ត្រផ្ទួនៗ
ដឹងចុះនឹមនួនថាមកពីអ្វី។
១០- ឱ ! កូនទាំងឡាយម្តាយសូមផ្តែផ្តាំ
ទៅមុខត្រូវចាំណាមាសពិសី
បើកូនធ្វើបាបឲ្យម៉ែរីងរៃ
រូបកូនចរណៃក៏មានកម្មដែរ។
១១- ប្រសិនកូនល្អស្មោះសរនឹងព្រះ
ប្រឹងប្រែងខ្លាំងណាស់បីបាច់មើលថែ
បម្រើថ្នាក់ថ្នមបីបមអ្នកម៉ែ
ច្រើនឆ្នាំច្រើនខែកូនបានសុខា។
១២- កូនចាំទុកចុះណាប្រុសស្រីអើយ
មិនត្រូវភ្លេចឡើយគុណទាំងទ្វេហា
ត្រូវតែតបស្នងសងឲ្យខ្លាំងក្លា
ទើបល្អថ្លៃថ្លាអតិជាតបុត្រ។
១៣- មិនត្រូវគេចកែប្រែគុណជាទោស
នេះជាកំហុសខុសពាក្យសម្ពុទ្ធ
នាំមានកម្មពៀរវេរាមិនផុត
រូបកាយរលត់តែចិត្តអប្រីយ៍។
១៤- ពាក្យពេចន៍ម៉ែផ្តាំចាំឲ្យហ្មត់ចត់
ព្យាយាមអំណត់កត់ត្រាសម្តី
ពីថ្ងៃនេះទៅម្តាយលាប្រុសស្រី
លាទាំងលោកីយ៍លុះថ្ងៃមរណា។
១៥- លាអ្វីគ្រប់សព្វបញ្ចប់ឲ្យអស់
បន្សល់តែឈ្មោះទុកឲ្យជីវ៉ា
គ្រាន់នឹករឭកថ្ងៃក្រោយចុះណា
សូមឲ្យទេវតាបីបាច់ថែកូន៕
No comments