ខ្ទមកំសត់ព្រាត់ម៉ែ
មើលវាលស្រែដាច់កន្ទុយភ្នែក
ចិត្តសែនសង្វេគនឹកដល់អ្នកម៉ែ
លោកធ្លាប់លួងលោមថ្នាក់ថ្នមថែរ
គ្មានអ្វីមកក្បែរម៉ែការពារ។
វេលាថ្មើរនេះនៅម្នាក់ឯង
កណ្តោចកណ្តែងសែនរងារ
បាត់ម៉ែឈឹងសូន្យកូនកំព្រា
រស់នៅវេទនាទាំងចិត្តកាយ។
ក្រោមម្លប់ឈើធំមេឃធ្លាក់ខ្យល់
ចិត្តរែងកង្វល់ខ្វល់នឹកស្តាយ
បើម៉ែនៅជិតកូនសប្បាយ
លែងភ័យខ្វល់ខ្វាយសែនកក់ក្តៅ។
ឃើញតែខ្ទមស្រែបាត់ម៉ែសូន្យ
ម៉ែអើយរូបកូនគ្មានគោលដៅ
ដូចជាមេឃបាំងពពកខ្មៅ
ក្នុងជ្រោះសែនជ្រៅគ្មានពន្លឺ។
No comments